ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

របៀបដាំទំពាំងបាយជូលេីដីធម្មតាអោយមានផ្លែល្អ🍇🍇

🍇១. សិក្សាអំពីប្រភេទដី ៖ 
មុននឹងដាំទំពាំងបាយជូរត្រូវរាស់ដីជាមុនសិន
គឺប្រភេទដីទូល ដីមិនលិចទឹក រឺ ជាំទឹក ទីតាំងស្រឡះមានខ្យល់និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ ជាដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ។
ប្រសិនបើដីហាប់ពេករឺក៏គ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង រឺបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឲ្យដីនោះធូរនិងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។
🍇២. រដូវភ្ជួរដើម្បីបំបែកដី ៖
ក្រោយពីរើសបានដីហើយ ត្រូវរើសរដូវដើម្បីភ្ជួរបំបែកដីដើម្បីរៀបចំកន្លែងសំរាប់ដាំ។
ការរៀបចំដី ខែ ១១ រឺក៏ ខែ ១២ យើងភ្ជួរឲ្យបានច្រើនជើង ភ្ជួរលើកទីមួយលើកទីពីរដើម្បីអោយដីកាន់តែសុះល្អ។
🍇៣. ការរៀបចំទ្រើង ៖
ក្រោយពីរៀបចំដីបានហើយយើងត្រូវរៀបចំទ្រើងសំរាប់ឲ្យដើមទំពាំងបាយជូរវាតោងឡើងបន្ទាប់មកត្រូវរៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ។
🍇៤. ប្រសិនបើដីយើងមិនស្រស់ទឹក រឺក៏ដក់ទឹក ៖
យើងអាចពួនជារងរឺក៏ដុំៗបន្តិច ។ ប្រសិនបើដីយើងជាលក្ខណៈដីខ្សាច់ រឺក៏ដីថ្ម មិនពិបាកទេយើងអាចដាំវាបានធម្មតា ។
🍇៥ #របៀបដាំទំពាំងបាយជូរ
ត្រូវដាំកូនទំពាំងបាយជូរ គំលាត ពីគុម្ពបួយទៅគុម្ពមួយប្រវែង ១ ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ ។ បន្ទាប់ពីទុកគំលាតដាំ យើងរៀបចំជារងរួច ត្រូវរៀបចំបណ្តាញទឹកតាមគាល់រឺគុម្ពដែលបំរុងដាំកូនទំពាំងបាយជូរអោយបានគ្រប់រណ្តៅ។
បណ្តាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួចពីព្រោះកូនទំពាំងបាយជូរដែលបានដាំរួចត្រូវបន្តក់ទឹកវាឲ្យបានរាល់ថ្ងៃនិងទៀងពេល។ ដំណាំទំពាំងបាយជូរខុសពីដំណាំដ៏ទៃព្រោះទំពាំងបាយជូរមិនត្រូវការយកទឹករឺគ៏រែកទឺកទៅស្រោចវានោះទេតែវាត្រូវការបន្តក់ទឹកបន្តិចម្តងៗ ។ ក្នុងមួយគុម្ពប្រសិនបើដីកណ្តេងវាត្រូវការដំណក់ទឹក ១០ លីត្រ តែប្រសិនបើដីខ្សាច់វិញវាត្រូវការទឹក ១៥ លីត្រ ។
បន្ទាប់ពីរៀបចំទឹករួចហើយត្រូវរៀបចំរងជាធ្វើរាងបញ្ឈរដើម្បីអោយកូនទំពាំងបាយជូរវាតោងឡើង ។ ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ ។
នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីកដីសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ( ៥០ ស.ម, ០,៥ម៉ែត្រ )….។រួចមកយកជីលាមក អាចម៍( គោ មាន់, ទា, មួយណាក៏បាន) មួយអំរែក (បើមានអាចម៍ប្រចៀវកាន់តែប្រសើរ )មកដាក់ក្នុងរណ្តៅនោះទើបលាយជាមួយដីអោយបានសព្វស្រទាប់លើចាំយកកូនទំពាំងបាយជូរមកកប់ដាំ។ ក្រោយពីដាំហើយនិងបន្តក់ទឹកវាឲ្យជាប់រាល់ថ្ងៃរួចហើយយើងត្រូវរង់ចាំរយៈពេលមួយសប្តាហ៍ ពេលនោះកូនទំពាំងបាយជូរវាលូតលាស់បែកមែកច្រើនត្រួយ ហើយនៅពេលដែលវាបែកមែកបានច្រើនត្រួយត្រូវគ្រៀវដើមវាចេញ ។
🍇៦ #វិធីគ្រៀវដើម ៖
ត្រូវប្រលះត្រួយវាចេញទុកតែត្រួយណាដែលវាលូតធំជាងគេឲ្យវាលួតតែឯងបានហើយ។
ធ្វើបែបនេះដើម្បីឲ្យដើមនោះវាធំលួតលាស់ល្អប្រវែង ៧ តឹក យើងធ្វើការគ្រៀវចាប់ផ្តើមបំបែកមែកដើម្បីឲ្យវាបែកមែកទៅឆ្វេងទៅស្តាំហើយយើងត្រូវការតែពីរទងនេះទេ ។
ទំពាំងបាយជូរនេះយើងដាំតែរយៈពេល ៨ខែ ទៅ ៩ ខែទេវាអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយនោះ , ប៉ុន្តែ ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗ ចោលផង ការដែលបេះស្លឹកចាស់ចោលនោះគឺដើម្បីការពារជំងឺយារយីដំណាំ រឺយារយីរ ត្រួយស្លឹកដែលទើបលូតលាស់ថ្មី ។ ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង។
សូមបញ្ជាក់ថា ៖ ទំពាំងបាយជូរត្រូវតែដាំដោយជីធម្មជាតិសុទ្ធប្រសើជាងដាក់ជីគីមី….។
#ឋានព្រះឥន្ទ #ដំណាំទំពាំងបាយជូរ #កសិកម្មខ្មែរដើមទ្រព្យ


Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.