ខេត្ដកំពត៖ គឺជាខេត្ដមួយដែលមានភាពអំណោយផលខាងផ្នែកដំណាំកសិកម្ម សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស និងមានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារអន្ដរជាតិ។ តួយ៉ាងដូចជាម្រេច ដែលជាដំណាំមួយប្រភេទដែលទទួលបានការគាំទ្រខ្លាំងពីទីផ្សារអន្ដរជាតិ ជាពិសេសដំណាំនេះត្រូវបានសហភាពអឺរ៉ុបចាត់ទុកជាផលិតផលសម្គាល់ភូមិសាស្រ្ដផងដែរ។
អភិបាលខេត្ដកំពត់ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ខេត្តកំពតជាខេត្តមានសក្ដានុពលលើដំណាំនាំចេញមួយចំនួន និងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុកនិងបរទេសផងដែរ ដូចជាដំណាំម្រេចកំពត ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកំពុងមាន
ទីផ្សារខ្ពស់ពីអន្តរជាតិ ដែលជាហេតុធ្វើឱ្យកសិករពង្រីកការដាំដុះកាន់តែច្រើន។
ក្រៅពីដំណាំ ម្រេចដែលទទួលស្គាល់ពីទីផ្សារអន្តរជាតិហើយនោះ ខេត្តកំពតក៏មានដំណាំ មួយប្រភេទទៀត ដែលកំពុងទទួលស្គាល់ទូទាំងប្រទេសគឺដំណាំធុរ៉េន តែដំណាំនេះ មិនទាន់មានការដាំដុះជាលក្ខណៈក្រុមហ៊ុនវិនិយោគនៅឡើយ ដោយការដាំដុះនាពេលបច្ចុប្បន្ននេះ ភាគច្រើនដាំជាលក្ខណៈគ្រួសារប៉ុណ្ណោះ ខណៈតម្រូវការនៅទូទាំងប្រទេសមានច្រើន ហើយការផ្គត់ផ្គង់ធុរ៉េន កំពតមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។
ឯកឧត្ដមបានបន្ដទៀតថា “ដំណាំធុរ៉េន ជាដំណាំដែលអាចវិនិយោគ ហើយបម្រើឱ្យការនាំចេញបានទៀតផង ដោយក្នុងនោះដែរ បច្ចុប្បន្នមានក្រុមហ៊ុនបីបួនហើយបានចាប់អារម្មណ៍វិនិយោគលើដំណាំនេះ”។
សូមបញ្ជាក់ថា ក្រៅពីដំណាំម្រេច និងធូរ៉េនខេត្ដកំពត់ក៏មានដំណាំជាច្រើនផ្សេងទៀតដូចជា ដំណាំមៀន ស្វាយ តាង៉ែន និងដំណាំ ហូបផ្លែជាច្រើនទៀត សម្រាប់បំពេញនូវទីផ្សារក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដូច្នេះវាអាចទាក់ទាញឱ្យវិនិយោ គិន ដែលចង់វិនិយោគក្នុងវិស័យកសិកម្ម អាចសម្លឹងមើលខេត្តកំពតក្នុងការបណ្ដាក់ទុនអាជីវ កម្មរបស់ពួកគេ៕
ប្រភព៖AKP
អត្ថបទដោយ៖ កឹម ប៊ុនធឿន







No comments:
Post a Comment