ទីផ្សារទិញលក់​ចំការដំណាំ​ធម្មជាតិខ្មែរសុទ្ធ100%

ប្រភេទចំការ

ចៅហ្វាយខេត្តកំពត ស្នើវិនិយោគិនធំៗ ឲ្យងាកមកវិនិយោគដាំដុះធុរេនកំពតទ្រង់ទ្រាយធំ

លោក ជាវ តាយ ចៅហ្វាយខេត្ត​កំពត ក៏បាន​ស្នើដល់​​អ្នកវិនិយោគិនធំៗ ឲ្យ​ងាក​មកចាំអារម្មណ៍​លើការ​វិនិយោគ ដាំដុះធុរេន នៅខេត្ត​កំពត ឲ្យបាន​កាន់តែច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ដំណាំនេះ ហាក់​នៅមាន​តម្លៃ​ខ្ពស់គួរសម បើធៀបនឹង​ដំណាំផ្សេងទៀត ដូចជា ស្រូវ ស្វាយ កៅស៊ូ និងដំឡូងជាដើម។
លោក ជាវ តាយ បាន គូសបញ្ជាក់ទៀតថា ខេត្តកំពត មាន​ស្ថានភាពអំណោយផល​សម្រាប់​ការដាំដុះ​ធ្វើការ​កសិកម្ម ខណៈដែល​ការធ្វើកសិកម្ម​នៅក្នុង​ខេត្ត​មួយនេះ មានរហូតដល់ ជាង ៦០% ។ ម្យ៉ាងទៀត លោកថា ការដែលលោក​ជំរុញ​ឲ្យ​វិនិយោគិន​ធំៗ​ងាកមក​វិនិយោគ​ដាំដុះ​ធុរេន​នៅខេត្ត​កំពតនេះ គឺដោយសារតែ លោកយល់ឃើញថា ធុរេន​អាចលក់ចេញ​បាន​ក្នុងតម្លៃខ្ពស់ និងមានតម្រូវការ​ក្នុងស្រុកផង និងអាច​ធ្វើការនាំចេញ ទៅក្រៅ​ប្រទេសផងដែរ។
ទោះយ៉ាងណា អភិបាល​ខេត្ត​កំពត​រូបនេះ មិនអាច​បញ្ជាក់​បានទេ អំពី​ទំហំ ផ្ទៃដី​ដាំដុះធុរេន​នៅខេត្តនេះ ដោយសារតែវា​គឺភាគច្រើន​ធ្វើឡើង​ជាលក្ខណៈគ្រួសារ និងឯកជន​តូចៗ។ ប៉ុន្ដែ លោកថា បច្ចុប្បន្ន ខេត្តកំពតនេះ មាន​តំបន់​ដី​សម្បទាន​កសិកម្ម​ចំនួន​៤ កន្លែងធំៗ ដែលមានផ្ទៃដី​ធ្វើការសិកម្ម​រាប់ម៉ឺន​ហិកតា​ឯណោះ។
ដោយសារតែ​ផលិតផល​ធុរេន​កំពត​មិនអាច​បំពេញ​តម្រូវការ​បាន​ពេញលេញ បច្ចុប្បន្ន ធុរេន​ ដែលបាន​ចរាចរណ៍​លក់​ពេញទីផ្សារនេះ ក៏មាន​មួយផ្នែកធំមក​បាននាំចូល​ពីប្រទេសជិតខាង ដូចជា ថៃ និងវៀតណាមជាដើម។
កសិករ​ និងជាអ្នកលក់ធុរេន នៅស្រុកទឹកឈូ លោក លី រ៉ាវុធ បាន​លើកឡើងថា មកទល់នឹងខែ ឧសភានេះ ធុរេន កំពត​ បានប្រមូលផល​ស្ទើរតែអស់ហើយ បើនៅក៏មានតិចតួចដែរ ។ លោកបន្តថា កន្លងមក​ពិតជា​មាន​ធុរេន ដែលបាន​នាំចូល​ពីប្រទេសជិតខាង យកមកលក់​នៅក្នុងខេត្ត​កំពតតាមផ្សារនានា ពិតមែន ប៉ុន្ដែ លោកថា សម្រាប់​តំបន់​ទេសចរណ៍​ដូចជា​ទឹកឈូ  និងទឹកធ្លាក់តាដា ជាដើម គឺ​ខាង​អាជ្ញាធរ​មិនបាន​អនុញ្ញាត​ឲ្យ​ធុរេន​នាំចូល​ពីខាងក្រៅ​មកលក់នោះឡើយ។ លោកថា រ៉ាវុធ បន្តថា បើ​អ្នកនិយម​ចូលចិត្ត ធុរេនកំពត និងខ្លាច​ទិញប៉ះចំធុរេននាំចូល ពួកគាត់​អាចអញ្ចើញមកកម្សាន្ដ​នៅតំបន់ទេសចរណ៍​ទឹកឈូ និងតាដានេះ ដើម្បីទទួលបាន​ធុរេនកំពត​ពិតៗ។ 
ចម្ការធុរេន​កំពត
ធុរេន​កំពត ដែលបេះមកពីដើម​ សម្រាប់ដាក់លក់
ម្ចាស់​ចម្ការធុរេន នៅស្រុក ទឹកឈូ ខេត្ត កំពត បានប្រាប់​ឲ្យដឹងថា នៅឆ្នាំនេះ តម្លៃ ធុរេន កំពត​ដែលក់​នៅមុខចម្ការ​ផ្ទាល់ គឺមានតម្លៃល្អ ពោលគឺមាន​ប្រមាណ ២០.០០០ ម៉ឺន ទៅ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម។ លោកថា ឆ្នាំនេះ ដោយសារតែធុរេន មានតម្លៃល្អ សម្រាប់​ផ្ទៃដី ដាំធុរេន​១ហិកតា លោកអាចរកចំណូល​បាន​ប្រមាណជាង ១ម៉ឺន​ដុល្លារអាមេរិក។
បើយើង​ក្រឡេក​ទៅមើល​ទីផ្សារ​ដែលមាន​នាំចូល​ធុរេន បច្ចុប្បន្ន គឺប្រទេសចិន​កំពុង​មានតម្រូវការ​នាំចូល​ធុរេន​ច្រើនគួរសម ខណៈដែលថ្មីៗនេះ ថៃ គឺជាប្រទេស​ផ្គត់ផ្គង់ធុរេន ទៅកាន់ប្រទេសចិន​យ៉ាងច្រើន​ក្នុងមួយឆ្នាំ។ ទោះយ៉ាងណា រសជាតិ​ផ្លែធុរេន មិនមែន​សុទ្ធតែ​ត្រូវ​ចំណង់​ចំណូលចិត្ត​អតិថិជន​គ្រប់បណ្ដាប្រទេស​នោះទេ នៅឯប្រទេស​ប៉ែកអឺរ៉ុប និងអាមេរិកវិញ ផ្លែធុរេន គឺ​មិនមានអ្នក​និយម​ទទួលទាន​នោះឡើយ។ ដូច្នេះ បើ​ចង់​ដាំដុះ​នាំចេញ គេអាចសម្លឹងមើលទៅកាន់​ទីផ្សារ​ប្រទេស​តំបន់​អាស៊ី​ពិសេស គឺប្រទេសចិនតែម្ដង។ 
គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត ដែលមានដាំដុះធុរេន ច្រើនជាងគេ គេខេត្ត​កំពត កំពង់ចាម កោះកុង និងខេត្ត​បាត់ដំបងជាដើម។ ប៉ុន្ដែ ធុរេន​ដែលលក់​បាន​ក្នុងតម្លៃ និងមានរសជាតិ​ឈ្ងុយឆ្ងាញ់នោះ ត្រូវបាន​អ្នកដែលនិយម​ទទួលទាន បាន​ឲ្យដឹងថា គឺច្រើនតែធុរេន​ដែលដាំដុះនៅខេត្ត​កំពត៕
Share:

No comments:

Post a Comment

Translate

Pageviews past week

Popular Posts

Blog Archive

Recent Posts

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.